អាជ្ញាធរប្រទេសឥណ្ឌូណេស៊ី បានសម្រេចដាក់ពង្រាយកម្លាំងនគរបាល និងទាហានរាប់ពាន់នាក់ នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ក្រុមនិស្សិត ដែលកំពុងខឹងសម្បារយ៉ាងខ្លាំងអំពីបញ្ហាតម្លៃជីវភាពរស់នៅកើនឡើងខ្ពស់ ក៏ដូចជាការទាមទារឱ្យប្រធានាធិបតី លោក Prabowo Subianto កាត់បន្ថយការចំណាយខ្ជះខ្ជាយលើគម្រោងធំៗ និងងាកមកស្រោចស្រង់សេដ្ឋកិច្ចជាតិឡើងវិញ។

Asian Dot

អាជ្ញាធរឥណ្ឌូណេស៊ី ដាក់ពង្រាយកម្លាំងសន្តិសុខជាង ៤,០០០នាក់

លោក Budi Hermanto អ្នកនាំពាក្យនគរបាលក្រុងហ្សាកាតា បានឱ្យដឹងថា កម្លាំងសន្តិសុខចម្រុះចំនួន ៤ ១៥១នាក់ ក្នុងនោះរួមមានទាំងទាហាន ៥០០នាក់ផង នឹងត្រូវដាក់ពង្រាយដើម្បីជួយគ្រប់គ្រងស្ថានការណ៍បាតុកម្មនេះ។ លោកបានអំពាវនាវដល់អ្នកចូលរួមទាំងអស់ កុំឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងហាមដាច់ខាតការកាន់អាវុធចូលរួម។

ទោះបីជាក្រុមសង្គមស៊ីវិល និងសហជីពកម្មករមិនទាន់ចូលរួមនៅក្នុងបាតុកម្មលើកនេះ ក៏ប៉ុន្តែការចល័តទ័ពដ៏ច្រើននេះ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់រដ្ឋាភិបាល ព្រោះថាកាលពីឆ្នាំ២០២៥ កន្លងទៅ បាតុកម្មហិង្សារឿងជីវភាពរស់នៅ បានបង្ខំឱ្យលោក Prabowo បណ្ដេញរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចេញពីតំណែងម្តងរួចមកហើយ។

ការជួបជុំ និងការរិះគន់លើស្ថានភាពសេដ្ឋកិច្ច

ក្រុមនិស្សិតមកពីសាកលវិទ្យាល័យនានា ជុំវិញរដ្ឋធានីហ្សាកាតា គ្រោងនឹងជួបជុំគ្នានៅរសៀលថ្ងៃនេះ នៅម្ដុំរង្វង់មូល Plaza Indonesia ដែលស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីវិមានប្រធានាធិបតី។

យោងតាមការលើកឡើងរបស់សហភាពនិស្សិតនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ី (BEM UI) សេដ្ឋកិច្ចរបស់ប្រទេសកំពុងតែធ្លាក់ចុះដុនដាបខ្លាំង រហូតធ្វើឱ្យវិនិយោគិនបរទេសដកទុនរត់ ដែលបណ្ដាលឱ្យទីផ្សារភាគហ៊ុនដួលរលំ ហើយប្រាក់ Rupiah បានក្លាយជាលុយដែលធ្លាក់ថ្លៃអាក្រក់បំផុតប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៦។ បន្ថែមពីនោះ ក្រុមនិស្សិតបានរិះគន់ចំៗទៀតថា រដ្ឋាភិបាលបែរជាធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ តាមរយៈការចំណាយថវិកាជាតិខ្ជះខ្ជាយ និងការបាត់បង់ឯករាជ្យភាពរបស់ធនាគារកណ្តាល។

លក្ខខណ្ឌទាមទារធំៗទាំង ៥ ចំណុចរបស់ក្រុមបាតុករ៖

  • ទី១៖ ស្នើឱ្យរដ្ឋាភិបាល «បញ្ឈប់ការបំផ្លាញ» ថវិកាជាតិ។
  • ទី២៖ បញ្ចុះតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃ។
  • ទី៣៖ បញ្ចុះតម្លៃប្រេងឥន្ធនៈ (បន្ទាប់ពីមានការដំឡើងថ្លៃសប្ដាហ៍នេះ ដោយសារឥទ្ធិពលសង្គ្រាមលើប្រទេសអ៊ីរ៉ង់)។
  • ទី៤៖ លុបចោលកម្មវិធីផ្ដល់អាហារឥតគិតថ្លៃដ៏ចម្រូងចម្រាស ដែលជាគម្រោងធំរបស់លោក Prabowo។
  • ទី៥៖ ទាមទារឱ្យមានតម្លាភាព ក្រោយរឿងអាស្រូវពុករលួយដែលឈានដល់ការបណ្ដេញប្រធានអនុវត្តគម្រោងអាហារឥតគិតថ្លៃចេញពីតំណែង។