រដ្ឋាភិបាលប៉ាគីស្ថាន នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍របស់សារព័ត៌មានអាមេរិក CBS News ដែលបានចុះផ្សាយថា ប៉ាគីស្ថានបានអនុញ្ញាតឱ្យយន្តហោះយោធាអ៊ីរ៉ង់មកសម្ងំលាក់ខ្លួននៅក្នុងមូលដ្ឋានទ័ពអាកាសរបស់ខ្លួន ដើម្បីគេចចេញពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក។

Asian Dot

ប៉ាគីស្ថានច្រានចោលការចោទប្រកាន់រឿងលាក់យន្តហោះយោធាអ៊ីរ៉ង់

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Anadolu ក្រសួងការបរទេសប៉ាគីស្ថានបានបញ្ជាក់ថា ការចោទប្រកាន់នេះគឺជាព័ត៌មានបំភ្លៃដែលមានបំណងបង្ខូចកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពក្នុងតំបន់។ ប៉ាគីស្ថានបានពន្យល់ថា វត្តមានយន្តហោះទាំងរបស់អ៊ីរ៉ង់ និងអាមេរិកនៅលើទឹកដីខ្លួន កន្លងមក គឺសុទ្ធតែបម្រើឱ្យសកម្មភាពការទូត ដឹកជញ្ជូនមន្ត្រី និងក្រុមការងារសន្តិសុខ ដើម្បីចូលរួមកិច្ចពិភាក្សាកាត់បន្ថយជម្លោះរវាងប្រទេសទាំងពីរ។

ស្ថានភាពក្នុងតំបន់បានឡើងកម្ដៅខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ដែលឈានដល់ការបិទច្រកសមុទ្រ Hormuz។ បើទោះបីជាមានការឈប់បាញ់បណ្តោះអាសន្នក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថានតាំងពីខែមេសាក៏ដោយ ក៏ភាពតានតឹងនៅតែបន្ត ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ ទើបតែបានទាត់ចោលសំណើបញ្ចប់សង្គ្រាមចុងក្រោយរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅ។

ប៉ាគីស្ថានបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តរក្សាជំហរអព្យាក្រឹត និងដើរតួជាអ្នកសម្របសម្រួលដ៏ស្មោះត្រង់ ដើម្បីស្ថិរភាពក្នុងតំបន់ ដោយមិនមានការពាក់ព័ន្ធនឹងកិច្ចការយោធាដូចការចោទប្រកាន់នោះឡើយ៕