ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ NNA បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបន្តបើកការវាយប្រហារតាមអាកាសលើតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ បើទោះជាទើបតែមានការប្រកាសកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ។ យន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់លើតំបន់ Nabatieh al-Fawqa និងតំបន់យុទ្ធសាស្ត្រជាយក្រុង Kfar Tebnit ព្រមទាំងបានប្រើប្រាស់ដ្រូនវាយប្រហារលើទីប្រជុំជន Ansariyeh ផងដែរ។

កងទ័ពអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកនៅភាគខាងត្បូងលីបង់ សម្លាប់មនុស្ស៥នាក់បន្ថែម
ដ្បិតអំពើហិង្សាជារួម បានថយចុះគួរឱ្យកត់សម្គាល់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្រកាសកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែការវាយប្រហារឥតស្រាកស្រាន្តរបស់អ៊ីស្រាអែលទៅលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ទៅហើយ គិតចាប់តាំងពីកិច្ចព្រមព្រៀងនោះត្រូវបានប្រកាស។ ការថយចុះកម្តៅសង្គ្រាមខ្លះៗ បានធ្វើឱ្យប្រជាជនលីបង់មួយចំនួន សម្រេចចិត្តធ្វើដំណើរត្រឡប់ទៅពិនិត្យមើលផ្ទះសម្បែង និងភូមិរបស់ពួកគេវិញ ប៉ុន្តែកងទ័ពជាតិលីបង់ បានចេញមុខអំពាវនាវឱ្យប្រជាពលរដ្ឋផ្អាកការវិលត្រឡប់នេះសិន ដោយសារតែ «ហានិភ័យនៃការរំលោភបំពាន និងការវាយប្រហារពីសំណាក់ភាគីអ៊ីស្រាអែល» នៅតែមានកម្រិតខ្ពស់។
សាវតានៃជម្លោះ៖ ប្រទេសលីបង់ ត្រូវបានទាញឱ្យធ្លាក់ចូលក្នុងសង្គ្រាមមជ្ឈិមបូព៌ានេះ កាលពីដើមខែមីនា បន្ទាប់ពីក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់រ៉ុក្កែតចូលអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក្រោមស្នាដៃរួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។ ជាការឆ្លើយតប អ៊ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ និងបានបញ្ជូនទ័ពជើងគោកវាយលុកចូលក្នុងទឹកដីលីបង់តែម្តង។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានលើកឡើងថា ការបញ្ចប់ជម្លោះនេះ នឹងមិនពេញលេញឡើយ បើកងទ័ពអ៊ីស្រាអែលមិនដកខ្លួនចេញពីទឹកដី ដែលខ្លួនបានកាន់កាប់ក្នុងសង្គ្រាមនេះទេ ហើយរាល់ការវាយប្រហារណាមួយចាប់ពីពេលនេះតទៅ នឹងត្រូវចាត់ទុកថាជាការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)។ ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃចន្ទថា កងទ័ពរបស់លោក នឹងបន្តស្នាក់នៅក្នុងប្រទេសលីបង់ «ក្នុងរយៈពេលយូរតាមដែលអាចធ្វើទៅបាន»។
ដោយឡែក ខាងក្រុមហេសបូឡា មិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយ ជុំវិញការវាយបកលើអ៊ីស្រាអែលវិញនៅឡើយទេ ហើយមេដឹកនាំក្រុមនេះ គឺលោក Naim Qassem គ្រោងនឹងថ្លែងការណ៍តាមទូរទស្សន៍នៅថ្ងៃពុធនេះ បន្ទាប់ពីលោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអ៊ីរ៉ង់ ដែលបានខំប្រឹងបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ។
យោងតាមក្រសួងសុខាភិបាលលីបង់ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាម បានកើនឡើងដល់ ៣ ៨២៦នាក់ហើយ ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះ កំពុងបន្តទាញសាកសពបន្ថែមទៀតចេញពីក្រោមគំនរបាក់បែក៕


