កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសយ៉ាងច្បាស់ៗនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Anadolu។
-1.png&w=3840&q=75)
លោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសត្រៀមខ្លួនចរចាសន្តិភាពជាមួយអ៊ុយក្រែន
លោក ពូទីន បានសង្កត់ធ្ងន់ថា ការចរចានេះ ត្រូវតែផ្អែកលើកិច្ចព្រមព្រៀង ដែលធ្លាប់ជជែកគ្នានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី និងការពិភាក្សានៅទីក្រុង Anchorage សហរដ្ឋអាមេរិក រួមទាំងត្រូវមើលលើស្ថានការណ៍ជាក់ស្តែងនៅលើសមរភូមិ នាពេលបច្ចុប្បន្នផងដែរ។
មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ បានរំលឹកឡើងវិញដោយការមិនសប្បាយចិត្តថា តាមពិតទៅដំណើរការចរចាស្វែងរកសន្តិភាព ត្រូវបានកាត់ផ្ដាច់ និងអាក់ខានទៅវិញ ក៏ព្រោះតែការសម្រេចចិត្តរបស់ខាងភាគីអ៊ុយក្រែនខ្លួនឯង។ លោកបានបន្ថែមទៀតថា ការដែលអ៊ុយក្រែនព្យាយាមបើកការវាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី នាពេលថ្មីៗនេះ គឺគ្រាន់តែជាល្បិចចង់បង្កើតប្រៀប និងស្វែងរកលក្ខខណ្ឌចំណេញសម្រាប់ខ្លួនឯង មុនពេលការចរចាដែលកំពុងជាប់គាំង អាចនឹងត្រូវចាប់ផ្តើមឡើងវិញតែប៉ុណ្ណោះ។

កាលប្បវត្តិនៃការចរចាកន្លងមក រួមមានទីក្រុងអ៊ីស្តង់ប៊ុល (តួកគី), Anchorage (អាឡាស្កា), អាប៊ុយដាប៊ី និងហ្សឺណែវ
បើយើងក្រឡេកទៅមើលប្រវត្តិនៃការចរចាវិញ ប្រទេសទាំងពីរ ធ្លាប់បានឆ្លងកាត់ការពិភាក្សាគ្នាយ៉ាងស្វិតស្វាញជាច្រើនលើក៖
- កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល៖ កាលពីឆ្នាំមុន ភាគីទាំងពីរបានជួបគ្នា ចំនួន ៣លើក (ថ្ងៃទី១៦ ឧសភា, ថ្ងៃទី២ មិថុនា និងថ្ងៃទី២៣ កក្កដា) ដែលទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ តាមរយៈការដោះដូរឈ្លើយសឹកទ្រង់ទ្រាយធំ និងការព្រាងឯកសារសន្តិភាព។
- កិច្ចពិភាក្សានៅទីក្រុង Anchorage៖ មេដឹកនាំអាមេរិក និងរុស្ស៊ី ធ្លាប់បានជួបគ្នានៅរដ្ឋអាឡាស្កា រហូតបង្កើតបានជាផែនការសន្តិភាព ២៨ចំណុច (កាត់បន្ថយមកត្រឹម ២០ចំណុច) ប៉ុន្តែត្រូវបានអ៊ុយក្រែនទាត់ចោល ព្រោះមិនព្រមបាត់បង់ទឹកដី។
- កិច្ចចរចានៅដើមឆ្នាំនេះ៖ ក្រោមការសម្របសម្រួលពីអាមេរិក ទីក្រុងមូស្គូ និងទីក្រុងកៀវ បានបន្តជួបគ្នា ៣លើកទៀត (ពីរលើកដំបូងនៅអាប៊ុយដាប៊ី និងលើកទីបីនៅហ្សឺណែវ)។
ទោះជាយ៉ាងណា ដំណើរការសន្តិភាពដ៏មានសង្ឃឹមទាំងអស់នេះ បែរជាត្រូវគាំងដួលរលំទៅវិញទាំងស្រុង បន្ទាប់ពីមានការផ្ទុះឡើងនៃសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈកន្លងទៅ។




