ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខារួចរាល់ហើយលើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ឬគេហៅថា អនុសរណៈនៃការយោគយល់គ្នា (MoU) ១៤ចំណុច ដែលការចុះហត្ថលេខានេះធ្វើឡើងមុនមួយថ្ងៃនៃពិធីផ្លូវការ ដែលគ្រោងធ្វើឡើងក្នុងប្រទេសស្វីស។

Asian Dot

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព (MoU)

នៅក្នុងខទី៥ នៃ MoU នោះបានចែងថា ក្រោយការចុះហត្ថលេខា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងចាត់ចែងដោយប្រើប្រាស់កិច្ចខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធានាដល់ការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់កប៉ាល់ពាណិជ្ជកម្ម ដោយមិនគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ ចាប់ពីឈូងសមុទ្រពែរ្សទៅដល់សមុទ្រអូម៉ង់។ ចរាចរណ៍របស់កប៉ាល់ពាណិជ្ជកម្មនឹងចាប់ផ្តើមភ្លាមៗ ដោយពិចារណាលើតម្រូវការក្នុងការលុបបំបាត់ឧបសគ្គផ្នែកបច្ចេកទេស និងយោធា ខណៈការបោសសម្អាតមីនដោយសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់នឹងត្រូវអនុវត្តក្នុងរយៈពេល ៣០ថ្ងៃ។

លើសពីនេះ អ៊ីរ៉ង់ក៏នឹងធ្វើកិច្ចសន្ទនាជាមួយស្តេចស៊ុលតង់នៃប្រទេសអូម៉ង់ផងដែរ ដើម្បីកំណត់អំពីការគ្រប់គ្រង និងសេវាដែនសមុទ្រនាពេលអនាគតនៅច្រក Hormuz ដោយមានការពិភាក្សាជាមួយរដ្ឋជាប់ឆ្នេរឈូងសមុទ្រពែរ្សផ្សេងទៀត ឲ្យស្របទៅតាមច្បាប់អន្តរជាតិជាធរមាន និងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋជាប់ច្រកសមុទ្រ Hormuz។

ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានឧបសគ្គចំពោះរឿងដែលថា កប៉ាល់ដឹកប្រេងនៅតែមិនទាន់អាចឆ្លងកាត់ច្រក Hormuz បាន ដែលបង្កជាសំណួរថា តើដោយសារមូលហេតុអ្វីទៅ?

ផ្អែកតាមការផ្សាយរបស់សារព័ត៌មាន PBS ការបើកច្រក Hormuz ឡើងវិញត្រូវចំណាយពេលរហូតដល់ទៅ ៣០ថ្ងៃឯណោះ ដែលរយៈពេលនេះគឺចាំបាច់សម្រាប់ឲ្យកងទ័ពជើងទឹកអ៊ីរ៉ង់ ធ្វើការបោសសម្អាតមីនក្នុងសមុទ្រ និងដោះស្រាយរាល់ឧបសគ្គបច្ចេកទេសយោធា ដែលបានបន្សល់ទុកពីការធ្វើសង្គ្រាមរយៈពេលជាង ៤ខែកន្លងមក ដើម្បីធានាសុវត្ថិភាពដល់នាវាស៊ីវិល។ នេះគឺជាហេតុផលធំមួយក្នុងចំណោមហេតុផលមួយចំនួនទៀត ដែលនាំឲ្យកប៉ាល់ដឹកប្រេងនៅតែមិនទាន់អាចឆ្លងកាត់បាន។

Asian Dot

សកម្មភាពកងទ័ពជើងទឹកអ៊ីរ៉ង់កំពុងប្រតិបត្តិការបោសសម្អាតមីន និងឧបសគ្គយោធានៅក្នុងទឹកសមុទ្រ

សម្រាប់ហេតុផលដ៏សំខាន់មួយទៀតគឺ ពាក់ព័ន្ធនឹងភាពមិនច្បាស់លាស់លើការទាមទារយក «កម្រៃសេវា» ពីអ៊ីរ៉ង់។ តាមការផ្សាយរបស់ BBC ខាងអាមេរិកប្រកាសថា ការឆ្លងកាត់ត្រូវតែធ្វើឡើងដោយមិនមានការយកថ្លៃសេវា ឬពន្ធអ្វីទាំងអស់ក្នុងរយៈពេល ៦០ថ្ងៃដំបូង។ យ៉ាងណា ខាងអ៊ីរ៉ង់ប្រកាសក្តែងៗថា ច្រក Hormuz នឹងមិនវិលត្រឡប់ទៅរកស្ថានភាពដូចមុនពេលកើតសង្គ្រាមឡើយ ដោយអ៊ីរ៉ង់អះអាងពីអធិបតេយ្យភាពរបស់ខ្លួន និងគ្រោងបង្កើតប្រព័ន្ធប្រមូលកម្រៃសេវានាវាចរណ៍ កិច្ចការពារបរិស្ថាន និងការធានារ៉ាប់រង ដោយសហការជាមួយប្រទេសអូម៉ង់។

ភាពមិនច្បាស់លាស់ផ្នែកច្បាប់ និងថ្លៃចំណាយនេះហើយ ធ្វើឲ្យម្ចាស់កប៉ាល់ប្រេងទាំងឡាយត្រូវបង្ខំចិត្តផ្អាកការធ្វើដំណើរ ដើម្បីរង់ចាំមើលស្ថានការណ៍បន្តសិន។