ស្ថានការណ៍រវាងប្រទេសរុស្ស៊ី និងអង្គការណាតូ (NATO) បានឈានដល់កម្រិតតានតឹងខ្លាំងជាថ្មីម្តងទៀត ដោយប្រៀបបាននឹងគ្រាប់បែករង់ចាំតែថ្ងៃផ្ទុះ ក្រោយពេលដែលទីក្រុងមូស្គូបានសម្រេចចិត្តបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរ ឱ្យទៅហោះហើរល្បាតនៅលើដែនទឹកនៃតំបន់អាក់ទិក។

Asian Dot

យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-160 បានធ្វើបេសកកម្មហោះហើររយៈពេល ១៦ ម៉ោង លើតំបន់អាក់ទិក

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT ដែលដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-160 បានធ្វើបេសកកម្មហោះហើររយៈពេល ១៦ ម៉ោង លើតំបន់អាក់ទិក ដែលលាតសន្ធឹងចាប់ពីប្រទេសន័រវែស អ៊ីស្លង់ រហូតទៅដល់កោះហ្គ្រីនឡែន។ នៅក្នុងបេសកកម្មនេះ ក៏មានការអមដំណើរដោយយន្តហោះចម្បាំងប្រភេទ MiG-31 ព្រមទាំងមានការធ្វើសមយុទ្ធចាក់សាំងនៅលើអាកាសផងដែរ។ ទោះជាយ៉ាងណា រុស្ស៊ីបានអះអាងថា នេះគ្រាន់តែជាការហោះល្បាតតាមទម្លាប់ធម្មតា និងធ្វើឡើងនៅលើដែនទឹកអព្យាក្រឹតនៃសមុទ្រ Barents និងន័រវែស ដោយស្របតាមច្បាប់អន្តរជាតិប៉ុណ្ណោះ។

ការបង្ហាញសាច់ដុំយោធារបស់រុស្ស៊ីនៅពេលនេះ កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ភាពតានតឹងនេះត្រូវបានរុញច្រានដោយកត្តាសំខាន់ៗចំនួន ៣៖

  • ការគាំទ្ររបស់ណាតូទៅលើអ៊ុយក្រែន៖ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បានប្រកាសគាំទ្រសិទ្ធិរបស់អ៊ុយក្រែន ក្នុងការវាយប្រហារលើគោលដៅយោធាជ្រៅៗក្នុងទឹកដីរុស្ស៊ី។ ជាក់ស្តែង ទីក្រុងកៀវបានប្រើប្រាស់ដ្រូនរាប់រយគ្រឿងវាយប្រហារលើទីក្រុងមូស្គូ និងរោងចក្រចម្រាញ់ប្រេងជាបន្តបន្ទាប់។
  • សមយុទ្ធយោធាខ្នាតធំ៖ អង្គការណាតូបានចាប់ផ្តើមសមយុទ្ធផ្លូវអាកាសខ្នាតធំមានឈ្មោះថា Ramstein Flag 2026 នៅក្បែរព្រំដែនរុស្ស៊ី ដែលធ្វើឱ្យវិមានក្រឹមឡាំងប្រតិកម្មយ៉ាងខ្លាំង និងប្រកាសចាត់វិធានការឆ្លើយតបដើម្បីការពារសន្តិសុខជាតិ។
  • ការបង្កើនកញ្ចប់ថវិកាយោធា៖ សមាជិកណាតូបានព្រមព្រៀងគ្នាជំរុញកញ្ចប់ថវិកាការពារជាតិ ដោយមានគោលដៅឈានទៅដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅត្រឹមឆ្នាំ២០៣៥ ដើម្បីទប់ទល់នឹងអ្វីដែលពួកគេហៅថា «ការគំរាមកំហែងរយៈពេលវែងពីរុស្ស៊ី»។