នៅក្នុងប្រទេសអ៊ីរ៉ង់ ស្រមោលនៃសង្រ្គាម និងការភ័យខ្លាចនៅតែបន្តគ្របដណ្តប់លើជីវិតរបស់ប្រជាជនយ៉ាងខ្លាំង។ កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ អ្នកនាំពាក្យប្រព័ន្ធតុលាការអ៊ីរ៉ង់ លោក Asghar Jahangir បានប្រកាសជាផ្លូវការថា រដ្ឋាភិបាលបានចាប់ខ្លួនពលរដ្ឋចំនួន ៣ ២៩២នាក់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ក្រោមបទចោទប្រកាន់ថាបានសហការ និងធ្វើការឲ្យសត្រូវ បន្ទាប់ពីមានការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ។

តុលាការអ៊ីរ៉ង់ប្រកាសចាត់វិធានការក្តៅ ចាប់ខ្លួនពលរដ្ឋ ៣,២៩២នាក់
ក្នុងចំណោមអ្នកត្រូវឃាត់ខ្លួនទាំងនោះ អាជ្ញាធរអ៊ីរ៉ង់បានអះអាងថា មានមនុស្សចំនួន ៦៨៤នាក់ បានធ្វើសកម្មភាពចារកម្មដោយផ្ទាល់ឲ្យប្រទេសអ៊ីស្រាអែល ខណៈជាង ១ ២០០នាក់ផ្សេងទៀត ត្រូវរងការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានប្រឆាំងនឹងរដ្ឋាភិបាល។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ រដ្ឋាភិបាលមិនត្រឹមតែចាប់មនុស្សដាក់គុកនោះទេ ប៉ុន្តែថែមទាំងបានរឹបអូសទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់អ្នកដែលគេសង្ស័យថាជាជនក្បត់ជាតិរាប់រយនាក់ទៀតផង ដោយគ្រាន់តែនៅក្នុងខេត្ត Isfahan តែមួយ មានមនុស្សដល់ទៅ ១០០នាក់ហើយដែលត្រូវរដ្ឋបិទផ្លូវសេដ្ឋកិច្ច។
ការចាប់ខ្លួននេះ បានកើតឡើងបន្ទាប់ពីរបបដឹកនាំក្រុងតេហេរ៉ង់ ធ្លាប់បានចាប់ខ្លួនមនុស្សជាង ៥០ ០០០នាក់រួចមកហើយ នៅក្នុងការបង្ក្រាបបាតកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងចាស់ដៃ កាលពីដើមឆ្នាំ។ ខាងក្រុមចារកម្មនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានលើកឡើងថា នៅពេលដែលអាមេរិក និងអ៊ីស្រាអែលព្យាយាមវាយលុកអ៊ីរ៉ង់ពីខាងក្រៅ ពួកគេក៏បានបញ្ឆេះក្រុមអ្នកស៊ើបការណ៍ និងជនក្បត់ជាតិនៅខាងក្នុងប្រទេស ឲ្យបង្កើតបាតកម្ម និងចលាចល ដើម្បីបំផ្លាញប្រទេសពីខាងក្នុងផងដែរ។
យ៉ាងណាមិញ ជុំវិញការចាប់ចងដ៏រង្គាលនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញមុខមកព្រមាន និងចោទប្រកាន់រដ្ឋាភិបាលអ៊ីរ៉ង់ចំៗថា កំពុងតែយកលេស «ស្ថានភាពសង្រ្គាម» ដើម្បីធ្វើការបង្ក្រាប បំបិទមាត់អ្នករិះគន់រដ្ឋាភិបាល និងបង្ខំឲ្យជនរងគ្រោះឆ្លើយសារភាពទាំងបង្ខំ។ ផ្អែកតាមរបាយការណ៍ពីអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅប្រទេសន័រវែស គិតត្រឹមដើមខែមិថុនានេះ មានអ្នកទោសនយោបាយ និងអ្នកតវ៉ាយ៉ាងហោចណាស់ ៤០នាក់ហើយ ត្រូវបានរដ្ឋាភិបាលអ៊ីរ៉ង់យកទៅប្រហារជីវិតដោយព្យួរក ក្រោមបទចោទប្រកាន់រឿងនយោបាយនេះឯង។


